បរទេស៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា អង្គការណាសា ធ្វើការប្រកាសជាផ្លូវការ កាលពីយប់មិញថា ពួកគេបានរកឃើញភពជាច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យថ្មីមួយ ដែលមានសភាពដូចជាភពផែនដី និងអាចមានលទ្ធភាពឲ្យជីវិតរស់នៅបានថែមទៀតផង។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រព័ន្ធព្រះអាទិត្យថ្មីនេះ មានភពចំនួន ៧ ដែលមានទំហំប្រហាក់ប្រហែលនឹងភពផែនដី ធ្វើដំណើរជុំវិញតារាពណ៌ក្រហមមួយ ដែលមានឈ្មោះថា TRAPPIST-1។ វាមានចម្ងាយ ៣៩ឆ្នាំពន្លឺ ពីផែនដី ហើយនៅក្នុងភពទាំង ៧នោះ គេជឿថាយ៉ាងហោចណាស់មានភពចំនួន ៣ដែលមានលក្ខណៈដូចភពផែនដី និងអាចឲ្យជីវិតរស់នៅបាន។
ការរកឃើញថ្មីនេះ ត្រូវបានធ្វើឡើងដោយក្រុមអន្តរជាតិ ដោយប្រើប្រាស់កែវពង្រីកកម្រិតខ្ពស់ និងទំនើប ដែលបានបង្ហោះទៅក្នុងលំហអាកាស និងស្ថិតនៅទីដ៏សែនឆ្ងាយជុំវិញពិភពលោក។
ភពថ្មីដែលគួរឲ្យចាប់អារម្មណ៍ទាំងអស់នោះ គឺស្ថិតនៅកៀកៗនឹងគ្នា ប៉ុន្តែការនៅកៀកគ្នាបែបនេះ វាអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រអាចប្រើប្រាស់កែវពង្រីកដ៏ទំនើប Ultra-Sophisticated Telescopes និងម៉ាស៊ីនស្គែន ដើម្បីតាមដានភពទាំងអស់នោះ និងធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ថានៅក្នុងភពទាំងនោះមានទឹក ហើយបរិយាកាសអាចទ្រទ្រង់ជីវិតលូតលាស់បាន។
ក្រុមតារាវិទូ បានឲ្យដឹងថា ភពទាំង ៧នោះ ត្រូវបានគេជឿជាក់ថា យ៉ាងហោចណាស់វាមានអាយុកាល ១ពាន់លានឆ្នាំ ហើយមានបឹង និងមហាសមុទ្រជាច្រើនទៀតផង។ ប៉ុន្តែមានភពចំនួន៣ នៅកៀកនឹងតារា TRAPPIST-1 ដែលអាចមានសភាពក្តៅខ្លាំង និងមិនមានទឹក ខណៈភព១ ផ្សេងទៀតហាក់នៅឆ្ងាយ និងមានសភាពត្រជាក់ខ្លាំង។
ទោះជាយ៉ាងណា នៅមានភពចំនួន ៣ ទៀតដែលស្ថិតនៅកណ្តាល គឺភព (E1 F1 និង G1) ជាភពដែលអ្នកវិទ្យាសាស្រ្តកំពុងចាប់អារម្មណ៍ខ្លាំង ព្រោះវាមិនក្ដៅ និងមិនត្រជាក់ពេកសម្រាប់ជីវិតលូតលាស់។ សីតុណ្ហភាពនៅលើផ្ទៃភព មានកម្រិតចាប់ពី សូន្យ ដល់ ១០០អង្សា ដូច្នេះទឹកនៅក្នុងភពនោះ នឹងមិនពុះ ហើយក្លាយជាចំហាយនោះទេ។
ចំពោះលក្ខណៈពិសេសផ្សេងៗរបស់ភពទាំង ៧ ដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យថ្មីនេះ រួមទាំងព័ត៌មានជាក់លាក់ផ្សេងទៀត អង្គការ ណាសា គ្រោងនឹងបង្ហាញនៅឆ្នាំក្រោយនេះ ដូច្នេះយើងរង់ចាំតាមដានទាំងអស់គ្នាថា ភពទាំងនោះ ពិតជាអាចឲ្យយើងរស់នៅបានដែរ ឬក៏អត់៕


No comments:
Post a Comment