បរទេស៖ អ្នករាល់គ្នាប្រាកដជា ជួបការលំបាករាល់ពេលធ្វើដំណើរកំសាន្ត ទៅក្រៅប្រទេស ដោយសារតែបរិមាណអីវ៉ាន់ របស់អស់លោកអ្នកមានចំនួនច្រើន និងសំពីងសំពោងពេលឡើងយន្តហោះម្ដងៗ ដែលវាបង្កការរំខានយ៉ាងខ្លាំង។
អ្វីដែលសំខាន់ជាងនេះទៅទៀត សម្រាប់អ្នកដែលចូលចិត្តទិញអីវ៉ាន់ ពីប្រទេសក្រៅ យកមកប្រើប្រាស់ ប្រាកដជាជួបការលំបាកដូចគ្នា ខណៈដែលក្រុមហ៊ុនហោះហើរមួយចំនួន បានកំណត់ពីទម្ងន់អីវ៉ាន់ ដែលដាក់ក្នុងវ៉ាលី រីឯក្រុមហ៊ុនខ្លះតម្រូវឲ្យអ្នកដំណើរបង់ថ្លៃអីវ៉ាន់គិតជាគីឡូ ថែមទៀតផង។
យ៉ាងណាមិញ អាវមួយប្រភេទ ត្រូវបានអ្នករចនាម៉ូតជនជាតិអូស្ត្រាលី និងត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ អាវថ្មីនេះជាប្រភេទអាវក្រៅ ដែលលក្ខណៈពិសេសរបស់វា គឺអ្នករាល់គ្នាអាចយកអីវ៉ាន់មានតម្លៃរបស់អ្នក ទៅទុកក្នុងហោប៉ៅអាវនេះ ដែលអាវនេះអាចផ្ទុកទំនិញដល់ទៅ ១៥គីឡូក្រាមឯណោះ។
អាវពិសេសនេះ មានហោប៉ៅជុំវិញចំនួន ១៤ ដែលលោកអ្នកអាចដាក់អីវ៉ាន់ជុំវិញខ្លួនបានដោយសេរី លើសពីនេះអាវនេះអាចពាក់បានដល់ទៅ ៣របៀប វែង ខ្លី និងល្មម។ លោកអ្នកអាច ដាក់កុំព្យូទ័រយួរដៃបានមួយគ្រឿង iPad ស្បែកជើង២គូ ខោខូវប៊យ២ អាវយឺត៥ អាវរងា និងកាមេរ៉ានៅក្នុងអាវនេះ បានជាមួយគ្នា។
ដូចនេះ លោកអ្នកមិនចាំបាច់បារម្ភថា ឥវ៉ាន់លោកអ្នកត្រូវបានបាត់បង់ ឬខូចខាតទៀតឡើយ ដោយសារតែវា នឹងនៅជាប់ខ្លួនលោកអ្នកជានិច្ច អ្វីដែលពិសេសនោះលោកអ្នកមិនចាំបាច់ខាតថ្លៃ ដាក់ឥវ៉ាន់តាមយន្តហោះទៀតឡើយ។
យ៉ាងណាមិញ អាវនេះកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកអ្នកឧបត្ថម្ភ ដើម្បីផលិតវាឲ្យចេញជារូបរាង៕



No comments:
Post a Comment