ជប៉ុន៖ កន្លងផុតទៅជាង ២សប្តាហ៍ហើយដែល ចាន់ វឌ្ឍនាកា បានទៅលេងឲ្យក្លិប Fujieda MYFC លីកលំដាប់ទី៣ ក្នុងប្រទេសជប៉ុន។ យ៉ាងណាក៏ដោយ ទោះបីជាផ្លាស់ទៅលេងក្លិបថ្មីក៏ពិតមែន ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ នៅតែមានចិត្តស្រលាញ់ នឹករលឹកដល់អ្នកគាំទ្រនៅកម្ពុជា ជាពិសេសក្លិបចាស់របស់ខ្លួនបឹងកេតអង្គរផងដែរ។
ខ្សែប្រយុទ្ធចំនូលថ្មីរបស់ក្លិប Fujieda MYFC រូបនេះផ្ទាល់បាននិយាយថា «ពិតជាចាកឆ្ងាយមែន ប៉ុន្តែបេះដូងមួយនេះនៅតែនឹក នៅតែស្រលាញ់ក្លឹបបាល់ទាត់មួយនេះ ជួបគ្នាពេលក្រោយ» ។ នេះបើយោងតាមគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ វឌ្ឍនាកា។
គួរឲ្យដឹងថា ចាន់ វឌ្ឍនាកា បានកំពុងធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំដើម្បីស៊ាំការលេងជាមួយមិត្តរួមក្រុមថ្មី ជាពិសេសដើម្បីអាកាសធាតុនៅទីនោះ ដែលមានសីតុណ្ហភាពត្រជាក់ជាងនៅកម្ពុជា ធ្វើឲ្យវឌ្ឍនាកា ពិបាកសម្របខ្លួននៅទីនោះ ក្នុងរយៈពេលមួយសប្តាហ៍ដំបូង។
បើតាមការឲ្យដឹងពីគ្រូបង្វឹករបស់ក្លិប Fujieda MYFC អះអាងថា ថ្មីៗនេះ ចាន់ វឌ្ឍនាកា សម្របបាន និងស៊ាំនឹងអាកាសធាតុនៅទីនោះហើយ បន្ទាប់ពីទទួលបានការហ្វឹកហាត់ និងធ្វើការប្រកួតមិត្តភាពដើម្បីដកស្រង់បច្ចេកទេសអស់ជាច្រើន។
មួយវិញទៀត ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ថែមទាំងទទួលបានការកោតសរសើរពីមិត្តរួមក្រុម និងគ្រូបង្វឹកទៀតផង អំពីទេពកោសល្យ និងសមត្ថភាពរបស់គេក្នុងការដណ្តើមបាល់ ហើយស៊ុតបាល់ Free Kick បញ្ចូលទីបានយ៉ាងល្អទៀតផង កាលពីការប្រកួតមិត្តភាពកន្លងទៅ៕

No comments:
Post a Comment